ច្បាស់ការអំពីពានរង្វាន់ AFF Suzuki Cup ចាប់ឆ្នាំក្រោយទៅកម្ពុជា នឹងត្រូវប្រកួតក្នុងដីចំនួន២ប្រកួត ក្រៅដី២ប្រកួត By Sophanarong| Sep 25, 2017AFF Suzuki Cup





រូបមន្តថ្មីនៃពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ចាប់ពីឆ្នាំ ២០១៨ ទៅ ត្រូវបានប្រកាសផ្លាស់ប្ដូរថ្មីជាផ្លូវការ នេះបើយោងតាមការប្រកាសនៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF – Asean Football Federation ) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៣ ខែ កញ្ញា កន្លងទៅថ្មីៗនេះ។

រូបមន្តថ្មីនេះគឺមានភាពខុសប្លែកពីរូបមន្តចាស់ ដែលតម្រូវអោយមានប្រទេស ២ ទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងវគ្គជម្រុះតាមពូល ជុំចុងក្រោយ មកជាការប្រកួត ក្រៅដី និងក្នុងដី រវាងក្រុមទាំង ១០ នៅក្នុងតំបន់វិញ។

រំលឹកទៅរូបមន្តចាស់ដែលពានរង្វាន់នេះ ធ្លាប់បានធ្វើឡើងកាលពីឆ្នាំកន្លងៗទៅ គឺជុំដំបូង ៥ ក្រុមដែលមានចំណាត់ថ្នាក់ទាបជាគេ ត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គជម្រុះបឋមជាមុនសិន មុននឹងបន្តស្វែងរក ២ ក្រុមរវាងទាំង ៥ នេះ ឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីបង្រ្គប់នៅក្នុងពូល ២ ដែលមានប្រទេសចំនួន ៦ ផ្សេងទៀតគឺជាក្រុមមានចំណាត់ថ្នាក់ល្អជាងអង្គុយរង់ចាំរួចជាស្រេច ហើយមានប្រទេស ២ ទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងវគ្គជម្រុះជុំផ្ដាច់ព្រ័ត្រនេះ រហូតដល់រកឃើញ ៤ លេខ១ និងលេខ២ ប្រចាំពូល A និងពូល B ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ( ករណី ចាប់ពីឆ្នាំ ២០១៤ ចុះក្រោម ខណៈឆ្នាំ ២០១៦ មីយ៉ាន់ម៉ា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួត ជុំចុងក្រោយស្មើនឹងមិនបាច់ប្រកួតនៅក្នុងវគ្គជម្រុះបឋម )។



ដោយឡែកសម្រាប់រូបមន្តថ្មីនេះ ក៏នឹងត្រូវប្រកួតបែងចែកចេញជា ២ ពូលដូចគ្នា ប៉ុន្តែក្នុង ១ពូលមាន៥ក្រុម សរុបទាំងអស់១០ក្រុម ដោយប្រទេសនីមួៗ នឹងត្រូវធ្វើការប្រកួតក្នុងដី ( ចំនួន២ដង ) ក្រៅដី ( ចំនួន២ដង ) រវាងប្រទេសដែលនៅក្នុងពូលរួមគ្នា ខណៈការប្រកួតក្នុងដី ឬក្រៅដី គឺអាស្រ័យទៅលើការចាប់ឆ្នោត។

ជាការពិត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឹមានប្រទេសចំនួន ១១ ត្រូវប្រកួតក្នុងពានរង្វាន់នេះ ដូច្នេះ ដើម្បីរកបាន ១០ ក្រុមដែលល្អ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន កំណត់អោយក្រុម ២ ដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងតំបន់ ( ចំណាត់ថ្នាក់ត្រឹមឆ្នាំ ២០១៦ ) ត្រូវប្រកួតជម្រុះយកតែ ១ ក្រុមប៉ុណ្ណោះ ដើម្បីឡើងមកបង្រ្គប់ក្រុមទាំង ៩ ដែលអង្គុយរង់ចាំរួចជាស្រេច។

យោងទៅតាម ចំណាត់ថ្នាក់កាលពីឆ្នាំ ២០១៦ ព្រុយណេ ជាមួយ ទីម័រខាងកើត គឺជាក្រុមដែលស្ថិតនៅលេខ ១០ និងលេខ ១១ ត្រូវប្រកួតតទល់គ្នា ដើម្បីដណ្ដើមកៅអី ឡើងមកជុំផ្ដាច់ព្រ័ត្រ ដែលការប្រកួតគ្រោងធ្វើឡើងនៅ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨ សម្រាប់ជើងទី១ និងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំដដែល សម្រាប់ជើងទី២។

ដោយឡែកសម្រាប់ការប្រកួតនៅក្នុងជុំផ្ដាច់ព្រ័ត្រ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមដែលមានពិន្ទុលើគេ ប្រចាំពូលទាំង ២ សរុប៤ក្រុម នឹងមានឱកាសឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតតាមរូបមន្តក្រៅដី និងក្នុងដី ដដែល។

បែបនេះក្ដី ការចាប់ឆ្នោតបែងចែកពូល ក៏ដូចជាកម្មវិធីប្រកួត សម្រាប់ជុំផ្ដាច់ព្រ័ត្រ នៅមិនទាន់បង្ហាញអោយដឹងនៅឡើយទេ។

គួររំលឹកថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាពានរង្វាន់ដែលធំជាងគេនៅក្នុងតំបន់ ធ្វើឡើងនៅរៀងរាល់ ២ ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៦ មានក្រុមចំនួន១១ចូលរួមប្រកួតរួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត និង វៀតណាម ហើយក្រុមបាល់ទាត់ជម្រើសជាតិថៃ គឺជាក្រុមជោគជ័យជាងគេ ដោយធ្លាប់ឈ្នះពានរង្វាន់នេះ រហូតដល់ ៥ ដង ក្នុងចំណោម ១២ លើក៕
Share this video :

Post a Comment

 
រក្សាសិទ្ធគ្រប់យ៉ាងដោយ CafeKhmer © ២០១៧